គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជាគោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាកទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួនពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា "សន្តិ "ដែលប្រែថា" សេចក្តីស្ងប់ " ។យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
គោលដៅ :សន្តិភាព ប្ញនិញ្វនមិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយសន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ងទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន
លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
មេរៀនពីបុណ្យមាឃបូជា ៖ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះសម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណងរួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវសន្តិភាព និង ការអភិវឌ្ឍន័ដែលប្រកបដោយនិរន្តភាព។
ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សាដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនាការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយសដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ដោយ។ ចំណុច៥ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិពិភពសត្វនិងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។
សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះនឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។
ឯកសារយោង
អត្ថបទរបស់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។
អានបន្ថែម
អត្ថបទដោយ